ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

27 Episodes
Subscribe

By: RFI ខេមរភាសា / Khmer

រៀងរាល់ថ្ងៃ ពី​ថ្ងៃចន្ទ ដល់​ថ្ងៃ​អាទិត្យ យើង​នឹង​លើក​យក​ព្រឹត្តិការណ៍​ក្តៅគគុក​ជាងគេ​បង្អស់​មួយ នៅ​កម្ពុជា​ មក​ពន្យល់​ ដោយ​មាន​អន្តរាគមន៍​ពី​ឥស្សរជន​នយោបាយ អ្នក​ជំនាញ ឬ​មន្រ្តី​សង្គមស៊ីវិល។

✂️ Clip this podcast
តើកិច្ចព្រមព្រៀងទីក្រុងប៉ារីសអាចជួយអ្វីខ្លះនៅក្នុងដំណោះស្រាយជម្លោះព្រំដែនខ្មែរ-ថៃ?
Today at 10:22 AM

ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៦នេះ ជាខួប ៣៥ឆ្នាំ នៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស។ កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ដែលធានាដល់ការបញ្ចប់សង្រ្គាមស៊ីវិលនៅក្នុងប្រទេសកម្ពុជា។ កិច្ចព្រមព្រៀងមួយនេះ សម្រេចបានដោយមានបារាំង និងឥណ្ឌូណេស៊ី ជាសហប្រធាន និងមានប្រទេសហត្ថលេខីជាង១០ផ្សេងទៀត ក្នុងនោះមានថៃ ផងដែរ ដែលទទួលស្គាល់ និងគោរពដែនអធិបតេយ្យភាពរបស់កម្ពុជា។ នៅក្នុងដំណាក់កាលដែលប្រទេសកម្ពុជាកំពុងមានជម្លោះព្រំដែនជាមួយថៃ តើកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសអាចជួយអ្វីបានខ្លះ ក្នុងការដោះស្រាយជម្លោះព្រំដែនរវាងប្រទេសទាំងពីរ?


តើ​ពលរដ្ឋខ្មែរអាច​ឈឺឆ្អាលពីរឿងជម្លោះព្រំ​ដែនជាមួយថៃ​ ក្នុងកម្រិត​ណា?
Yesterday at 11:07 AM

នៅក្នុង​ពិធីប្រកាសដាក់ឱ្យ​អនុវត្ត «យុទ្ធសាស្ត្រជាតិស្តីពីការអភិវឌ្ឍសហគ្រាសធុនមីក្រូ តូច និងមធ្យម ឆ្នាំ២០២៦-២០៣០» នា​​ថ្ងៃ​ទី​២២​តុលា​ ឆ្នាំ​២០២​៦​នេះ​ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន​ ម៉ា​ណែត​ បានស្នើ​ឱ្យ​ពល​រដ្ឋគ្រប់​និន្នាការរក្សា​ភាព​ស្ងាត់​ស្ងៀម​ ទុក​ចិត្ត​ ​​ផ្តល់​ឱកាស និង​ការ​ទទួល​ខុស​ត្រូវដល់​រដ្ឋាភិបាល​ ក្នុង​ការ​ដោះ​ស្រាយ​បញ្ហា​ព្រំ​ដែន​ជាមួយថៃ​។​ អ្នក​ជំនាញ​ផ្នែកវិទ្យាសាស្ត្រ​នយោ​បាយ​មួយ​ចំនួន​យល់​ថា​ ពល​រដ្ឋ​មាន​សិទ្ធិ​ឈឺ​ឆ្អាល​ពីបញ្ហា​​ទឹក​ដី តែ​ក៏ត្រូវ​មាន​ដែន​កំណត់។​ ប៉ុន្តែ អ្នកជំនាញ​ផ្សេង​ទៀត​យល់​ថា​ កា​រ​បិទ​មាត់​ពល​រដ្ឋ​មិន​ឱ្យ​និយាយ​អំពី​បញ្ហា​ព្រំ​ដែន ​ជា​ការ​ដាក់​បំរាមមិន​ឱ្យ​មានមតិផ្ទុយ​នៅ​ក្នុង​សង្គម​។​ តើ​ការ​ឈឺឆ្អាលរបស់​ពល​រដ្ឋលើ​បញ្ហា​ព្រំ​ដែនជាមួយថៃ​គួរមានដែនកំណត់ ឬយ៉ាងណា?


តើការពង្រឹងកិច្ចសហប្រតិបត្តិការវិស័យយោធារវាងកម្ពុជា និងហ្វីលីពីន ផ្តល់ប្រយោជន៍អ្វីខ្លះដល់កម្ពុជា?
Last Wednesday at 9:33 AM

កម្ពុជា និងហ្វីលីពីន មានគម្រោងចុះហត្ថលេខារួមគ្នា​លើកិច្ចសហប្រតិបត្តិវិស័យយោធា ជាពិសេសផ្តោតទៅលើការពង្រឹងទ័ពជើងទឹក និងកងទ័ពអាកាស។ គម្រោងនេះ បាន​លើកឡើង នៅក្នុងជំនួបមួយរវាងលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត និងនាយឧត្តមសេនីយ៍ Antonio G Nafarrete នាយសេនាធិការកងទ័ពហ្វីលីពីន ដែលបានធ្វើទស្សនកិច្ចនៅកម្ពុជា កាលពីថ្ងៃអង្គារទី២០ខែតុលា។ អ្នកតាមដានសង្គមមើលឃើញថា គម្រោងកិច្ចសហប្រតិបត្តិការយោធា រវាងប្រទេសទាំងពីរ ឆ្លុះបញ្ចាំងពីគោលនយោបាយសន្តិសុខអព្យាក្រឹត និងចម្រុះពណ៌។ លើសពីនេះ កិច្ចសហប្រតិបត្តិការលើវិស័យកងទ័ពជើងទឹក និងកងទ័ពអាកាស រវាងកម្ពុជា និងហ្វីលីពីន នឹងជួយបង្កើនសមត្ថភាពយោធាកម្ពុជាបន្ថែម។


តើអ្នកនយោបាយជំនាន់ថ្មីរបស់គូបដិបក្ខអាចបង្កើតវប្បធម៌សន្ទនាបែបថ្មីបានដែរ ឬទេ?
Last Tuesday at 8:12 AM

លោក អ៊ុំ សំអាន អតីតតំណាងរាស្ត្របក្សប្រឆាំង បានលើកឡើងនៅថ្ងៃអង្គារ ទី២០ ខែតុលា ឆ្នាំ២០២៦ថា ក្នុងនាមជាអ្នកនយោបាយជំនាន់ថ្មី លោកសង្ឃឹមថា លោក និងលោក ហ៊ុន ម៉ាណែត អាចប្រើវប្បធម៌សន្ទនាថ្មីជំនួសវប្បធម៌សន្ទនាចាស់ ដែល​បង្កើតឡើងដោយ លោក ហ៊ុន សែន និង លោក សម រង្ស៊ី។ តាមលោក អ៊ុំ សំអាន ការប្រើវប្បធម៌សន្ទនាថ្មីរបស់អ្នកនយោបាយជំនាន់ក្រោយ គឺក្នុងស្មារតីផ្សះផ្សាជាតិខ្មែរ ដើម្បីការពារទឹកដីពីការឈ្លានពានរបស់ថៃ។ តែអ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជា ចាត់ទុកការលើកឡើងនេះថា គ្រាន់តែជាការ​បង្វែរសាច់រឿងប៉ុណ្ណោះ។ តើអ្នកនយោបាយជំនាន់ថ្មី​អាចបង្កើតវប្បធម៌សន្ទនាបែបថ្មីបានដែរឬទេ?


ហេតុអ្វីគណៈកម្មការ UNCLOS ស្នើឲ្យកម្ពុជា និងថៃអនុវត្តកិច្ចព្រមព្រៀងដែលមានស្រាប់រវាងកម្ពុជា-ថៃ?
Last Monday at 10:35 AM

គណៈកម្មការ​ផ្សះផ្សា​ក្រោម​អនុសញ្ញា​អង្គការ​សហប្រជាជាតិ​ស្តីពី​នីតិសមុទ្រ UNCLOS បាន​ស្នើ​ឲ្យ​ភាគី​កម្ពុជា និង​ថៃ​អនុវត្ត​នូវ​កិច្ចព្រមព្រៀង​ដែល​មាន​ស្រាប់​ឲ្យ​បាន​ពេញលេញ​ដើម្បី​បង្កើត​បរិយាកាស​អំណោយផល​ដល់​ការ​ផ្សះផ្សា។ នេះ​បើ​តាម​សេចក្តីថ្លែងការណ៍​របស់​ក្រសួង​ការបរទេស​កម្ពុជា​នៅ​ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៦។ អ្នកជំនាញ​ផ្នែក​កិច្ចការ​អន្តរជាតិ​យល់​ឃើញ​ថា កិច្ចប្រជុំ UNCLOS លើកទី២ បាន​បង្ហាញ​សញ្ញា​វិជ្ជមាន​ដើម្បី​ជួយ​ឲ្យ​ភាគី​ទាំងសងខាង​ត្រឡប់​ទៅ​រក​ការ​កសាង​ទំនុកចិត្តគ្នា​ឡើង​វិញ។ តើ​សំណើ​របស់ UNCLOS ឲ្យ​កម្ពុជា-ថៃ​អនុវត្ត​កិច្ចព្រមព្រៀង​ដែល​មាន​ស្រាប់​ឲ្យ​បាន​ពេញលេញ​ជា​សញ្ញាវិជ្ជមាន​នៅ​ក្នុង​ដំណោះស្រាយ​ជម្លោះព្រំដែន​ដែរឬ​ទេ?។


តើការផលិតភាពយន្ត និងវណ្ណកម្មអក្សរសិល្ប៍ខ្មែរដោយប្រើ AI អាចធ្វើឲ្យប៉ះពាល់អ្វីខ្លះ?
Last Sunday at 10:50 AM

ការប្រើប្រាស់បញ្ញាសិប្បនិម្មិត(AI) ដើម្បីបង្កើតភាពយន្ត វណ្ណកម្មអក្សរសិល្ប៍ និងរឿងព្រេងបុរាណខ្មែរ កំពុងក្លាយជាកង្វល់មួយរបស់អ្នកជំនាញផ្នែកភាពយន្ត និងប្រវត្តិសាស្ត្រនៅកម្ពុជា។ ជាក្តីកង្វល់ដ្បិតថា អ្នកបង្កើតមាតិកាសង្គម សិល្បៈ មួយចំនួន បានប្រើប្រាស់បញ្ញាសិប្បនិម្មិត AI ហួសហេតុ ដើម្បីបង្កើតសាច់រឿងប្រវត្តិសាស្ត្រខ្មែរ តាមទម្រង់ ដែលពួកគេចង់បាន ប្រាសចាកពីអត្តសញ្ញាណដើម។ អ្នកជំនាញ និងផលិតករភាពយន្ត កត់សម្គាល់ថា អ្នកបង្កើតភាពយន្តបុរាណខ្មែរ ដោយប្រើប្រាស់បញ្ញាសិប្បនិម្មិត នៅមិនទាន់បានបានស្វែងយល់ពីវប្បធម៌ ទំនៀមទម្លាប់ ប្រពៃណី​ អត្តសញ្ញាណ និងអក្សរសាស្ត្រ ទៅតាមសម័យកាលនៅឡើយ។


តើកម្ពុជាអាចទាញបានប្រយោជន៍អ្វីខ្លះពីកិច្ចសហប្រតិបត្តិការយោធាជាមួយតួកគី?
Last Saturday at 7:59 AM

កម្ពុជា និងតួកគី បានចុះកិច្ចព្រមព្រៀងស្តីពីកិច្ចសហប្រតិបត្តិការយោធាជាមួយគ្នា នៅថ្ងៃទី១៦ ខែតុលា ឆ្នាំ​២០២៦ នៅទីក្រុងអ៊ីស្តង់ប៊ុល។ ការចុះកិច្ចព្រមព្រៀងនេះធ្វើឡើង នាអំឡុងពេល​ទស្សនៈកិច្ចរបស់​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា លោក ហ៊ុន ម៉ាណែត ទៅកាន់​ប្រទេសតួកគី។ តួកគីជាប្រទេស ដែលមានកម្លាំងយោធាខ្លាំងលំដាប់ទី៩ លើពិភពលោក និងជាសមាជិកនៃអង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើងហៅកាត់ថា NATO។ តើកម្ពុជាអាចទាញបានប្រយោជន៍អ្វីខ្លះពីកិច្ចសហប្រតិបត្តិការយោធាជាមួយតួកគី?


តើ​ទស្សនកិច្ច​របស់​លោក ហ៊ុន ម៉ាណែត​នៅ​តំបន់​អឺរ៉ាស៊ី​ហុច​ប្រយោជន៍​អ្វី​ខ្លះ​ដល់​កម្ពុជា?
10/16/2026

នាយករដ្ឋមន្ត្រី​កម្ពុជា លោក ហ៊ុន ម៉ាណែត បាន និង​កំពុង​បំពេញ​ទស្សនកិច្ច​ផ្លូវការ​នៅ​ប្រទេស​អាស៊ែបៃហ្សង់ តួកគី និង​ប្រទេស​កាហ្សាក់ស្ថាន​ចាប់​ពី​ថ្ងៃទី១២ រហូត​ដល់​ថ្ងៃទី១៧ ខែតុលា។ ដំណើរ​ទស្សនកិច្ច​នៅ​តំបន់​អឺរ៉ាស៊ី​នេះ​មាន​គោលដៅ​ពង្រឹង​ទំនាក់ទំនង​ការទូត ពង្រីកកិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច និង​ជំរុញ​ទំនាក់ទំនង​ពាណិជ្ជកម្ម។ អ្នកជំនាញ​ផ្នែក​ទំនាក់ទំនង​អន្តរជាតិ​សាទរ​ចំពោះ​ការ​ខិតខំ​ស្វះស្វែង​របស់​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា ពិសេស​ស្វែង​រក​ការ​គាំទ្រ​ផ្នែក​ការទូត​ជុំវិញ​ជម្លោះ​ព្រំដែន​ជាមួយ​ថៃ។ តែ​សម្រាប់​ផ្នែក​ពាណិជ្ជកម្ម និង​វិនិយោគ​វិញ អ្នក​ជំនាញ​យល់​ថា ត្រូវ​ការ​ពេល​វេលា​បន្តិច និង​ត្រូវ​ការ​មាន​ការ​ធានា​បរិយាកាស​ល្អ​នូវ​នយោបាយ​ផ្ទៃក្នុង​កម្ពុជា។


តើ​កិច្ចប្រជុំ UNCLOS លើកទី២ អាច​សម្រេច​បាន​អ្វី​ខ្លះ​នៅ​ក្នុង​​វិវាទ​ដែនសមុទ្រ​រវាង​កម្ពុជា-ថៃ?
10/15/2026

ប្រមុខ​ការទូត​កម្ពុជា លោក​ ប្រាក់​ សុខុន កំពុង​ដឹក​នាំ​គណៈប្រតិភូ​ជំនាញច្បាប់ និង​កិច្ចការព្រំដែន​ចូលរួម​កិច្ចប្រជុំ​លើកទី២នៃ​គណៈកម្មការ​ផ្សះផ្សា តាម​អនុសញ្ញា​អង្គការសហប្រជាជាតិ​ស្តីពី​នីតិសមុទ្រ (UNCLOS) ដែល​ធ្វើ​ឡើង​នៅ​ទីក្រុង​ឡាអេ ប្រទេស​ហូឡង់ ចាប់​ពី​ថ្ងៃទី​១៤​ដល់​ថ្ងៃ​ទី១៨​តុលា ឆ្នាំ២០២៦​។​ អ្ន​ក​តាម​ដាន​ភូមិ​សាស្ត្រ​នយោ​បាយ​ខ្លះ​យល់​ថា​ កិច្ច​ប្រជុំ​លើក​ទី​២​នេះ​ជា​កិច្ច​ប្រជុំ​បច្ចេក​ទេស និង​មិន​ទាន់​​អាច​ប៉ាន់​ស្មាន​ថា​នឹង​បញ្ចប់​នា​ពេល​ឆាប់ៗ​ទេ​។ ចំណែក​អ្នក​ខ្លះ​ទៀត​យល់​ថា ភាគី​ទាំង​សង​ខាង​ត្រូវ​មាន​ឆន្ទៈ​ពិត​ប្រាកដ និង​ជំហរ​រួម​ដើម្បី​ឈាន​ទៅ​ដល់​ការ​ដោះ​​ស្រាយ​វិវាទ។ តើ​កិច្ចប្រជុំ UNCLOS លើកទី២ អាច​សម្រេច​បាន​អ្វី​ខ្លះ​នៅ​ក្នុង​​វិវាទ​ដែនសមុទ្រ​រវាង​កម្ពុជា-ថៃ?


ហេតុអ្វី​ការ​រួបរួម​រវាង​អ្នកនយោបាយខ្មែរ​ពី​គ្រប់​និន្នាការ​ជា​កត្តា​ចម្បងដើម្បីដោះស្រាយ​បញ្ហា​អធិបតេយ្យជាតិ?
10/14/2026

ប៉ុន្មានថ្ងៃ​​​​ចុង​ក្រោយ​នេះ ប្រមុខ​រដ្ឋាភិបាល​កម្ពុជា លោក ហ៊ុន ម៉ាណែត និង​អ្នកនយោបាយ​ខ្មែរ​ដែល​មាន​និន្នាការ​ប្រឆាំង​នៅ​ក្រៅ​ប្រទេស គឺលោក អ៊ុំ សំអាន បាន​ឆ្លងឆ្លើយ​សារ​គ្នា​ជុំវិញ​ការ​ស្វែង​រក​ដំណោះស្រាយ​ឲ្យ​ជម្លោះ​ព្រំដែន​ជាមួយ​ថៃ។ ទីបំផុត​នៅ​ថ្ងៃទី១៤ តុលា លោក អ៊ុំ សំអាន បាន​យល់ព្រម​ចូល​ស្រុក​តាម​សំណើ​របស់​លោក ហ៊ុន ម៉ាណែត ដោយ​សន្យា​មិន​ភ្ជាប់ខ្លួន​ជាមួយ​រដ្ឋាភិបាល​កម្ពុជា​ឯករាជ្យ២៣តុលា តែ​បន្ត​ទាមទារ​ឲ្យ​មាន​ការ​ទម្លាក់​ចោល​បទ​ចោទ​ប្រកាន់ និង​លើកលែង​ទោស​ដល់​ប្រតិភូ​ក្រុម​ការងារ​របស់​លោក។ ចំពោះ​អ្នកតាមដាន​នយោបាយ​ខ្មែរ ការ​រួបរួម​រវាង​អ្នកនយោបាយខ្មែរ​ពី​គ្រប់​និន្នាការ​ជា​កត្តា​ចម្បង​ដើម្បី​ដោះស្រាយ​បញ្ហា​អធិបតេយ្យជាតិ។


ហេតុអ្វីទូរទស្សន៍ ALJAZEERA ចាក់ផ្សាយភាពយន្តស្តីពីឧក្រិដ្ឋកម្មឆបោកអនឡាញនៅកម្ពុជា?
10/13/2026

ថ្មីៗនេះ ទូរទស្សន៍ ALJAZEERA  បានចេញផ្សាយភាពយន្តស៊ើបអង្កេតមួយដែលបង្ហាញពីអាណាចក្រឧក្រិដ្ឋកម្មឆបោកអនឡាញដ៏ធំសម្បើមមួយនៅខេត្តកោះកុង ប្រទេសកម្ពុជា។ ការចេញផ្សាយភាពយន្តនេះធ្វើឡើង ក្រោយរដ្ឋាភិបាលកម្ពុជាបានប្រកាសនាពេលថ្មីៗនេះថា កម្ពុជាលែងមានអគារធំៗសម្រាប់បន្តធ្វើប្រតិបត្តិការឆបោកអនឡាញទៀតហើយ។ អ្នកតាមដានសង្គមកម្ពុជាខ្លះយល់ឃើញថា ភាពយន្តនេះបង្កប់ន័យនយោបាយដើម្បីសម្អុយកេរ្តិ៍ឈ្មោះកម្ពុជា។ តែអ្នកវិភាគខ្លះវាយតម្លៃថា កម្ពុជានៅមានការងារសេសសល់ជាច្រើនទៀតដែលត្រូវធ្វើដើម្បីលុបលាងកេរ្តិ៍ឈ្មោះរបស់ខ្លួន។


តើមានសេណារីយ៉ូអ្វីខ្លះនៅពីក្រោយសារឆ្លើយឆ្លងរវាងលោក ហ៊ុន ម៉ាណែត និងលោក អ៊ុំ សំអាន?
10/12/2026

ប៉ុន្មានថ្ងៃចុងក្រោយនេះ សារឆ្លើយឆ្លងគ្នារវាងលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត និងអតីតតំណាងរាស្ត្រគណបក្សប្រឆាំង លោក អ៊ុំ សំអាន លើបញ្ហាព្រំដែន បានក្លាយជាប្រធានបទនៃការជជែកវែកញែកគ្នាយ៉ាងក្តៅគគុកលើបណ្តាញសង្គម។ អ្នកតាមដាននយោបាយខ្លះចំអកថា ការប្លោងសារដាក់គ្នារវាងលោក ហ៊ុន ម៉ាណែត និងលោក អ៊ុំ សំអាន នឹងគ្មានប្រយោជន៍សម្រាប់ជាតិទេ តែខ្លះទៀតជឿថា ទាំងលោក ហ៊ុន ម៉ាណែត និងលោក អ៊ុំ សំអាន អាចមានវិធីដោះស្រាយបញ្ហាព្រំដែនជាមួយថៃ បើសិនជាអ្នកទាំងពីរស្រុះស្រួលគ្នា។ តើមានសេណារីយ៉ូអ្វីខ្លះនៅពីក្រោយសារឆ្លើយឆ្លងរវាងលោក ហ៊ុន ម៉ាណែត និងលោក អ៊ុំ សំអាន?


អ្វីទៅដំណោះស្រាយ ដើម្បីបញ្ចៀសការកកស្ទះយូរម៉ោងពេលបុណ្យទានធំៗ?
10/11/2026

ការកកស្ទះចរាចរណ៍ច្រើនម៉ោងតែងកើតមានឡើងជារៀងរាល់ឆ្នាំ នៅពេលដែលពលរដ្ឋសម្រុកចាកចេញពីរាជធានីភ្នំពេញ ឆ្ពោះទៅកាន់ស្រុកកំណើត នាឱកាសពិធីបុណ្យជាតិធំៗ ដូចជាពិធីបុណ្យចូលឆ្មាំខ្មែរ និងពិធីបុណ្យភ្ជុំបិណ្ឌជាដើម។ អ្នកជំនាញផ្នែកចរាចរណ៍ផ្លូវគោកចាត់ទុកការកកស្ទះចរាចរណ៍ បណ្តាលមកពីឥរិយាបថបើកបររបស់អ្នកប្រើប្រាស់ដងផ្លូវ និង ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់មិនទាន់អាចឆ្លើយតបចំពោះតម្រូវការ។ តែសម្រាប់អ្នកវិភាគសង្គមវិញយល់ថា ដើម្បីបញ្ចៀសបញ្ហាកកស្ទះចរាចរណ៍ពេលមានពិធីបុណ្យជាតិធំៗ គឺផ្តើមចេញការចេះគោរពច្បាប់ចរាចរណ៍របស់ពលរដ្ឋ និងការត្រៀមរៀបចំទិសដៅសម្រួលចរាចរណ៍ពីអាជ្ញាធរមូលដ្ឋាន។ 


ហេតុអ្វីកម្ពុជាបន្តស្ថិតនៅចំណាត់ថ្នាក់ទាបក្នុងក្រសែភ្នែកអាមេរិករឿងជួញដូរមនុស្ស?
10/09/2026

នៅក្នុងរបាយការណ៍ស្តីពីការជួញដូរមនុស្សឆ្នាំ ២០២៦ ចេញផ្សាយថ្ងៃទី៨ តុលា ក្រសួងការបរទេសអាមេរិកបានបន្តដាក់ប្រទេសកម្ពុជាក្នុងចំណាត់ថ្នាក់ទី៣ (Tier 3) ដែលជាចំណាត់ថ្នាក់ទាបបំផុត។ អ្នកវិភាគនយោបាយយល់ថា របាយការណ៍ថ្មីនេះជាសារមួយដែលអាមេរិកចង់ព្រមានរដ្ឋាភិបាលកម្ពុជាចំពោះភាពមិនអើពើដោះស្រាយចំណុចមួយចំនួនដែលអាមេរិកបានទាមទារកន្លងមក។ ទន្ទឹមគ្នានេះ អ្នកវិភាគក៏បារម្ភដែរថា ប្រសិនបើរដ្ឋាភិបាលកម្ពុជាមិនដោះស្រាយបញ្ហាឱ្យចំឫសគល់ទេនោះ កម្ពុជាអាចនឹងប្រឈមការដាក់ទណ្ឌកម្មពីសហរដ្ឋអាមេរិកនាពេលខាងមុខ។ ហេតុអ្វីកម្ពុជាបន្តស្ថិតនៅចំណាត់ថ្នាក់ទាបក្នុងក្រសែភ្នែកអាមេរិករឿងជួញដូរមនុស្ស?


តើរដ្ឋាភិបាលគួរមានវិធានការអ្វីខ្លះដើម្បីផ្តល់សន្ទុះវិស័យទេសចរណ៍ឡើងវិញ?
10/08/2026

ថ្មីៗនេះ មានការជជែកដេញដោលគ្នានៅក្នុងវេទិកាពិភាក្សាមួយពាក់ព័ន្ធនឹងការធ្លាក់ចុះវិស័យទេសចរណ៍នៅកម្ពុជា។ វេទិកានេះបានលើកឡើងពីការរិះគន់ និងបានចោទជាសំណួរថា តើក្រសួងទេសចរណ៍គួរធ្វើបែបណាដើម្បីផ្តល់សន្ទុះវិស័យទេសចរណ៍ឡើងវិញ។ ក្រសួងទេសចរណ៍បានចេញមុខទទួលស្គាល់ពីបញ្ហាប្រឈម និងការថយចុះចំនួនភ្ញៀវទេសចរណ៍យ៉ាងគំហុក។ ចំណែកអ្នកពាក់ព័ន្ធក្នុងវិស័យនេះបានឲ្យចាយោបល់ថា មានតែការរួមគ្នាពីគ្រប់ភាគីពាក់ព័ន្ធទេទើបអាចទាញវិស័យទេសចរណ៍ឱ្យងើបឡើងវិញបាន។ តើរដ្ឋាភិបាលគួរមានវិធានការអ្វីខ្លះដើម្បីផ្តល់សន្ទុះវិស័យទេសចរណ៍ឡើងវិញ?


ហេតុអ្វីគណបក្សប្រឆាំង និងសហជីពខ្លះមិនទទួលយកការដំឡើងប្រាក់ឈ្នួលកម្មករ ២ដុល្លារ?
10/06/2026

គណបក្សកម្លាំងជាតិ និងសហជីព ព្រមទាំងស្ថាប័នសង្គមស៊ីវិលមួយចំនួនបានសម្តែងការខកចិត្តចំពោះការសម្រេចរបស់ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមាដែលដំឡើងប្រាក់ឈ្នួលកម្មករក្នុងវិស័យកាត់ដេរចំនួន ២ដុល្លារសម្រាប់ឆ្នាំ២០២៧។ ខកចិត្តដោយពួកគេយល់ថា ការដំឡើងប្រាក់ឈ្នួលតែ ២ដុល្លារទៅលើប្រាក់ឈ្នួលចាស់ ២១០ដុល្លារមិនបានឆ្លើយតបទៅនឹងតម្រូវការរស់នៅប្រចាំថ្ងៃរបស់កម្មករវិស័យកាត់ដេរទេ។ ហេតុអ្វីគណបក្សប្រឆាំង និងសហជីពខ្លះមិនទទួលយកការដំឡើងប្រាក់ឈ្នួលកម្មករ ២ដុល្លារ?


តើស្ថានភាពនយោបាយនៅកម្ពុជាមានលក្ខណៈដូចម្តេច នៅមុនការបោះឆ្នោតមកដល់?
10/04/2026

បញ្ហាសេរីភាពបញ្ចេញមតិ និងលំហនយោបាយនៅកម្ពុជា ត្រូវបានលើកឡើង ក្នុងសម័យប្រជុំលើកទី៦៣នៃក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ កាលពីថ្ងៃទី២ ខែតុលា ឆ្នាំ២០២៦ ដោយអ្នករាយការណ៍ពិសេសសិទ្ធិមនុស្ស និងចក្រភពអង់គ្លេស។ ពួកគេសំដែងការព្រួយបារម្ភពីការរួមតូចនៃលំហសង្គមស៊ីវិល និងនយោបាយនៅកម្ពុជា ដោយចាត់ទុកថា បញ្ហានេះអាចប៉ះពាល់ទំនុកចិត្តលើការបោះឆ្នោតឃុំ-សង្កាត់ និងការបោះឆ្នោតជាតិនាពេលខាងមុខ។ តើស្ថានភាពនយោបាយនៅកម្ពុជាមានលក្ខណៈយ៉ាងដូចម្តេច នៅមុនការបោះឆ្នោតមកដល់?


តើការបំពេញកាតព្វកិច្ចយោធាជាបន្ទុក ឬជាឱកាសសម្រាប់យុវជន?
10/02/2026

ប្រទេសកម្ពុជាចាប់ផ្តើមប្រកាសឲ្យយុវជនដាក់ពាក្យចូលបំរើកាតព្វកិច្ចកងទ័ពចាប់ពីថ្ងៃទី១ ខែតុលា ឆ្នាំ២០២៦។ គួររម្លឹកជូនថា ច្បាប់ស្តីពីកាតព្វកិច្ចយោធាត្រូវបានប្រកាសដាក់ឲ្យប្រើជាផ្លូវការកាលពីថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៦។ ក្នុងរយៈពេលតែ ១ថ្ងៃក្នុងថ្ងៃទី១ តុលា មានយុវជនជិត ៣ ០០០នាក់ បានដាក់ពាក្យចូលបំពេញកាតព្វកិច្ចយោធាស័្មគ្រចិត្ត។ អ្នកតាមដានសង្គម និងនយោបាយខ្មែរភាគច្រើនបានចាត់ទុកការចូលបំពេញកាតព្វកិច្ចយោធាថាជាឱកាស ជាជាងជាបន្ទុករបស់យុវជន។


តើរដ្ឋាភិបាលគួរមានយន្តការអ្វីខ្លះដើម្បីតាមដានការបញ្ឈប់ការដូរក្រវិលរង្វាន់ស្រាបៀរ?
10/01/2026


តើការបង្ហោះអត្តសញ្ញាណបណ្ណផ្ទាល់ខ្លួនលើបណ្តាញសង្គមអាចបង្កហានិភ័យអ្វីខ្លះ?
09/30/2026

ប៉ុន្មានថ្ងៃចុងក្រោយនេះ អ្នកប្រើប្រាស់បណ្តាញសង្គមបាននាំគ្នាបង្ហោះអត្តសញ្ញាណបណ្ណរបស់ខ្លួន ក្រោយឮថា ក្រុមហ៊ុន META តម្រូវឱ្យបង្ហោះដើម្បីជៀសវាងការបាត់ ឬខូចគណនីបណ្តាញសង្គម។ អ្នកជំនាញផ្នែកសន្តិសុខឌីជីថលលើកឡើងថា ក្រុមហ៊ុន META មិនបានទាមទារឱ្យអ្នកប្រើប្រាស់បង្ហាញអត្តសញ្ញាណបណ្ណរបស់ខ្លួនដោយបង្ហោះនៅលើបណ្តាញសង្គមទេ។ បើតាមអ្នកជំនាញដដែល ការបង្ហោះអត្តសញ្ញាណបណ្ណជាសាធារណៈអាចប្រឈមនឹងហានិភ័យពីការលួច ឬយកទិន្នន័យផ្ទាល់ខ្លួនទៅប្រើប្រាស់ក្នុងគោលបំណងមិនល្អ។ តើការបង្ហោះអត្តសញ្ញាណបណ្ណផ្ទាល់ខ្លួនលើបណ្តាញសង្គមអាចបង្កហានិភ័យអ្វីខ្លះ និងថា តើគេគួរប្រុងប្រយ័ត្នបែបណា?


ហេតុអ្វីសេចក្តីព្រាងច្បាប់ស្តីពីសិទ្ធិទទួលបានព័ត៌មានបន្តជាប់គាំង?
09/29/2026

នៅថ្ងៃចន្ទ ទី២៨ កញ្ញា ក្រុមអង្គការសង្គមស៊ីវិលជាង ៥០ស្ថាប័នបានស្នើជាថ្មីឲ្យពន្លឿនការអនុម័តសេចក្តីព្រាងច្បាប់ស្តីពីសិទ្ធិទទួលបានព័ត៌មានក្នុងឆ្នាំ២០២៦ ឬឆ្នាំ ២០២៧ ខាងមុខ។ ក្រុមអង្គការសង្គមស៊ីវិលយល់ថា ច្បាប់មួយនេះនឹងធ្វើឲ្យរដ្ឋាភិបាលកម្ពុជាទទួលបានទំនុកចិត្តខ្ពស់ពីប្រជាពលរដ្ឋ។ តែជាង ២០ឆ្នាំមកនេះ សេចក្តីព្រាងច្បាប់មួយនេះនៅបន្តជាប់គាំងដោយមិនទាន់បានអនុម័តនៅឡើយទេ។ ភាពជាប់គាំងដែលអ្នកជំនាញផ្នែកប្រព័ន្ធផ្សព្វផ្សាយបានទម្លាក់កំហុសដាក់រដ្ឋាភិបាលថាខ្វះឆន្ទៈនយោបាយ។ តែតំណាងរដ្ឋាភិបាលឆ្លើយថា សេចក្តីព្រាងច្បាប់នេះកំពុងស្ថិតក្នុងដំណាក់កាលផ្ទៀងផ្ទាត់ពីទិដ្ឋភាពច្បាប់របស់កម្ពុជា។


តើការផ្អាកផាកពិន័យបទល្មើសចរាចរណ៍មួយចំនួនអំឡុងបុណ្យភ្ជុំបិណ្ឌអាចបង្កហានិភ័យអ្វីខ្លះ?
09/28/2026

នៅក្នុងរដូវបុណ្យភ្ជុំបិណ្ឌឆ្នាំ ២០២៦នេះ រដ្ឋមន្រ្តីក្រសួងមហាផ្ទៃបានចេញបទបញ្ជាឲ្យផ្អាកការផាកពិន័យលើបទល្មើសចរាចរណ៍មួយចំនួន លើកលែងតែករណីបើកបញ្ច្រាសទិស និងបំពានភ្លើងស្តុប។ ក្នុងចំណោមបទល្មើសចរាចរណ៍ ដែលត្រូវបានផ្អាកក៏មានករណីបើកបរលើសល្បឿនកំណត់ និងការបើកបរក្រោមឥទ្ធិពលនៃគ្រឿងស្រវឹង ខណៈដែលបទល្មើសទាំងពីរនេះ ជាបទល្មើសចម្បងនៃគ្រោះថ្នាក់ចរាចរណ៍នៅកម្ពុជា។ អ្នកជំនាញនានាបារម្ភថា ការផ្អាកផាកពិន័យលើបទល្មើសចរាចរណ៍មួយចំនួននារដូវបុណ្យភ្ជុំបិណ្ឌអាចនឹងធ្វើឲ្យគ្រោះថ្នាក់ចរាចរណ៍កើតឡើងច្រើន។


មហាសន្និបាត អ.ស.ប. អាចជួយឲ្យកម្ពុជា និងថៃ មានដំណោះស្រាយជម្លោះព្រំដែនកំរិតណា?
09/27/2026

នៅក្នុងមហាសន្និបាតអង្គការសហប្រជាជាតិលើកទី៨១ រដ្ឋមន្ត្រីការបរទេសកម្ពុជា ​លោក ប្រាក់ សុខុន បានឡើងថ្លែងអំពីការប្តេជ្ញាចិត្តរបស់កម្ពុជា ក្នុងការស្វែងរកដំណោះស្រាយបញ្ហាព្រំដែនជាមួយប្រទេសថៃដោយសន្តិវិធី។ នៅទន្ទឹមនេះ ប្រមុខការទូតកម្ពុជា បានស្នើឲ្យភាគីថៃបញ្ឈប់សកម្មភាពទន្ទ្រានទឹកដីកម្ពុជាតទៅទៀត។ នៅ អ.ស.ប. ដែរ នាយករដ្ឋមន្ត្រីថៃ លោក អនុធិន ឆានវីរៈគូន ក៏បានថ្លែងថា ថៃមិនដែលចង់បង្កើតជម្លោះទេ និងត្រូវការកិច្ចសហការដោយស្មោះត្រង់ពីកម្ពុជា។ អ្នកតាមដាននយោបាយ និងសង្គមខ្លះគាំទ្រជម្រើសដំណោះស្រាយតាមការទូតរបស់កម្ពុជា  និងខ្លះទៀតរំពឹងតិចតួចចំពោះយន្តការអន្តរជាតិក្នុងជម្លោះព្រំដែនកម្ពុជា-ថៃ ជាពិសេសតាមរយៈមហាសន្និបាតអង្គការសហប្រជាជាតិលើកនេះ។


តើកម្ពុជាអាចសម្រេចសេចក្តីប្រកាសទីក្រុងភ្នំពេញ ដើម្បីបញ្ចប់ការឆបោកអនឡាញដែរឬទេ?
09/25/2026

សន្និសីទអន្តរជាតិស្តីពីការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា(ICCOS) ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះរយៈពេល ២ថ្ងៃ បានបិទបញ្ចប់កាលពីថ្ងៃព្រហស្បតិ៍ ទី២៤ ខែកញ្ញា ជាមួយ​សេចក្តីប្រកាសទីក្រុងភ្នំពេញ ដែលរួមមាន ១១ចំណុច។ អ្នកតាមដាននយោបាយ និងសង្គមមួយចំនួន​មើលឃើញ និង​យល់ស្របជាមួយរដ្ឋាភិបាលដែលថា សន្និសីទអន្តរជាតិនេះ ទទួលបានជោគជ័យប្រកបដោយផ្លែផ្កា។ តែខ្លះទៀតមិនទាន់មានជំនឿនៅឡើយចំពោះការប្តេជ្ញាចិត្តរបស់កម្ពុជាក្នុងការបោសសម្អាតឲ្យដល់ឫសគល់នៃឧក្រិដ្ឋកម្មអនឡាញ។


អ្នកវិភាគ៖ កិច្ចសហការជាមួយអន្តរជាតិក្នុងបទល្មើសស្កេមមិនមែនជាការជ្រៀតជ្រែកផ្ទៃក្នុងកម្ពុជា
09/24/2026

សន្និសីទអន្តរជាតិស្តីពីការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាបានបញ្ចប់ជាផ្លូវការនៅថ្ងៃទី២៤ ខែកញ្ញានេះ ដោយបានអនុម័តនូវសេចក្តីប្រកាសរួមទីក្រុងភ្នំពេញដែលមាន ១១ចំណុច។ សេចក្តីប្រកាសរួមទីក្រុងភ្នំពេញនេះបានអំពាវនាវឱ្យសហគមន៍អន្តរជាតិ បន្តពង្រឹងកិច្ចសហប្រតិបត្តិការ ក្នុងការប្រយុទ្ធប្រឆាំងការឆបោកអនឡាញ និងបទល្មើសឆ្លងដែនពាក់ព័ន្ធផ្សេងៗទៀត។ កម្ពុជា តាមរយៈលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានអះអាងថា អំពើឆបោកអនឡាញពុំមែនកើតចេញពីកម្ពុជានោះទេ និងថា កម្ពុជាក៏​ជាអ្នករងគ្រោះដែរ​​​។ អ្នកវិភាគនយោបាយ និងកិច្ចការអន្តរជាតិយល់ស្របថា កម្ពុជា គឺជាប្រទេសរងគ្រោះក្នុងអំពើឆបោកអនឡាញ។ ប៉ុន្តែពួកគេយល់ថា កម្ពុជាក៏មានចំណែកទទួលខុសត្រូវដែរ ព្រោះថាមន្ត្រីក្នុងជួររដ្ឋាភិបាលមួយចំនួនជាអ្នកទទួលបានផលប្រយោជន៍ និងកាងឱ្យក្រុមឧក្រិដ្ឋជនទាំងនោះ។ មួយវិញទៀត និងបើតាមអ្នកវិភាគ កម្ពុជាត្រូវបង្ហាញឆន្ទៈពិតប្រាកដជាមួយសហគមន៍អន្តរជាតិក្នុងការបោសសម្អាតបទល្មើសឆបោកអនឡាញ ដោយមិនត្រូវចាត់ទុកការឈឺឆ្អាលរបស់អន្តរជាតិជាការជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងរបស់កម្ពុជានោះទេ។


អ្វីទៅជាការរំពឹងទុករបស់កម្ពុជាពីសន្និសីទអន្តរជាតិស្តីពីការប្រយុទ្ធប្រឆាំងឆបោកអនឡាញ?
09/23/2026

«រួមគ្នាឆ្ពោះទៅកាត់ផ្តាច់ច្រវាក់ និងបញ្ចប់ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា» នេះជាប្រធានបទនៃសន្និសីទអន្តរជាតិរយៈពេល ២ថ្ងៃដែលចាប់ផ្តើមពីថ្ងៃទី២៣ ដល់ទី២៤ ខែកញ្ញា ឆ្នាំ២០២៦ ក្នុងទីក្រុងភ្នំពេញ ប្រទេសកម្ពុជា។ អ្នកតាមដានសង្គមមួយចំនួន និងរដ្ឋាភិបាលកម្ពុជាមើលឃើញថា សន្និសីទដែលទទួលបានការគាំទ្រជាវិជ្ជមានមួយនេះមានអត្ថប្រយោជន៍ខ្លាំងសម្រាប់កម្ពុជា។ តែអ្នកវិភាគខ្លះបែរជាយល់ឃើញថា សន្និសីទនេះជាសម្ពាធពីអន្តរជាតិ និងជាការទទូចឲ្យរដ្ឋាភិបាលកម្ពុជាបង្ហាញឆន្ទៈពិតប្រាកដក្នុងការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មមួយនេះ។ អ្វីទៅជាការរំពឹងទុករបស់កម្ពុជាពីសន្និសីទអន្តរជាតិស្តីពីការប្រយុទ្ធប្រឆាំងឆបោកអនឡាញ?


តើកម្ពុជា និងថៃគួរបញ្ចប់អរិយភាពវប្បធម៌ដ៏រ៉ាំរ៉ៃរវាងគ្នាបានដោយរបៀបណា?
09/22/2026

ថ្មីៗនេះ រដ្ឋមន្ត្រីក្រសួងវប្បធម៌ថៃបានបញ្ចេញប្រតិកម្មនឹងការប្រើប្រាស់រូបភាពនារីបុរាណស្លៀកពាក់បែបប្រពៃណីប្រវត្តិសាស្ត្រនៅក្នុងកម្មវិធីប្រឡងបវរកញ្ញាចក្រវាលកម្ពុជាឆ្នាំ២០២៦។ រូបភាពនោះត្រូវបានថៃអះអាងជាកម្មសិទ្ធិរបស់ខ្លួនដែលមានដើមកំណើតតាំងពីឆ្នាំ ១៩០៦។ ក្នុងន័យនេះ ភាគីថៃបានផ្ញើលិខិតព្រមានកម្ពុជា ដោយទាមទារឲ្យកែតម្រូវជាបន្ទាន់។ ក្រសួងវប្បធម៌កម្ពុជានៅមិនទាន់មានប្រតិកម្មអ្វីទៅនឹងការលើកឡើងរបស់រដ្ឋមន្ត្រីវប្បធម៌ថៃទេ។ តែលោកស្រី ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌កម្ពុជាបានសរសេរសារខ្លីមួយយ៉ាងដូច្នេះថា៖ « អ្វីដែលបុព្វបុរសខ្មែរបានបង្កើត ប្រវត្តិសាស្ត្របានកត់ត្រា មរតកបានបញ្ជាក់ និងពិភពលោកបានទទួលស្គាល់ »។ តើកម្ពុជា និងថៃអាចបញ្ចប់អរិយភាពផ្នែកវប្បធម៌ដ៏រ៉ាំរ៉ៃរវាងគ្នាបានដោយរបៀបណា?